ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្រាយបំភ្លឺ ជុំវិញគណនីហ្វេសប៊ុកមួយ ដែលចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីប្ល-ន់កន្លែងវេរលុយនៅដីថ្មី
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកមានខ្លឹមសារថា «កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ» ។

បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចគណនីការផ្សព្វផ្សាយនោះទេ។
អាស្រ័យហេតុនេះ ស្នើដល់ម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយធ្វើការលុបចេញ ឬកែតម្រូវឡើងវិញ បើមិនដូច្នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


