អគ្គិភ័យមួយនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ឆាបឆេះផ្ទះស័ង្កសីមួយខ្នង ហើយបណ្តាលឱ្យឆេះរាលដាលដល់ជញ្ចាំងផ្ទះអ្នកជិតខាងមួយជំហៀង
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោងម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះស័ង្កសីចំនួន ០១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ០១ខ្នងខូចខាតជញ្ជាំងអស់មួយជំហៀង។
នៅវេលាម៉ោង ១០:៣៦នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕



