ជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ត្រូវបានបណ្តេញចេញពីកម្ពុជាតាមច្រកព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង )៖ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ត្រូបបានបណ្តេញចេញពីកម្ពុជាតាមច្រកព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។

ដោយតាមការឱ្យដឹងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍