ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ

    BY soknita January 31, 2025
    កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃតី ៣០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី២ ឆ្នាំ ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

    ក្នុងនោះ គណៈប្រតិភូថៃ ដឹកនាំដោយលោកជំទាវ ចាទូព័ន្ធ រ៉ូចានាផានិច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សនៃព្រះរាជាណាចក្រថៃឡង់ដ៍។ សមាសភាពគណៈប្រតិភូថៃរួមមាន តំណាងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស, ក្រសួងការងារ ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ), អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)។ ចំណែកសមាសភាពគណៈប្រតិភូកម្ពុជា មកពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។

    ភាគីទាំងពីរបានពិភាក្សាការងារដោយផ្តោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈនៃយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ផ្ដោតលើគោលដៅសំខាន់ៗមួយចំនួន ដូចជា៖

    ១. យន្តការប្រតិបត្តិផែនការសកម្មភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

    ២. ការវិភាគស្ថានភាព និងការវាយតម្លៃអំពីតម្រូវការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

    ៣. ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិធានការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស។

    ៤. បន្ដការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការលើកកម្ពស់សិទ្ធិ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មឡើងវិញ នៃជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។

    ៥. បន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើជួញដូរមនុស្ស៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay