ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមល្ងាច ថ្ងៃទី១ ខែកុម្ភៈ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ ទទួលលទ្ធផលជិត ១០០ភាគរយ

    BY Nisaiy KN February 2, 2025
    គិតត្រឹមល្ងាច ថ្ងៃទី១ ខែកុម្ភៈ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ ទទួលលទ្ធផលជិត ១០០ភាគរយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គិតត្រឹមល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលលទ្ធផលជិត ១០០ភាគរយហើយ។

    បន្ថែមផងដែរថា ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែងនេះដែរ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលបានលទ្ធផលប្រមាណ ៩០ភាគរយហើយ ដោយឡែកចំពោះកាកសំណល់ប្រេងដែលនៅសេសសល់ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។

    ចំពោះមុខ រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកំសាន្ត នៅឆ្នេរព្រែកត្រែង អាចលេងនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែត្រូវផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។

    សូមរំលឹកថា នៅព្រឹកថ្ងៃទី១ ខែកុម្ភះនេះ ប្រជាពលរដ្ឋ បានប្រទះឃើញករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ហើយឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបានបង្ហាញអំពីមូលហេតុនេះនៅឡើយទេ៕







    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: