ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចែករំលែកការយល់ដឹងពី «ការពារការចម្លងជំងឺផ្តាសាយ ទោះជាប្រភេទណាក៏ដោយ»

BY
soknita
February 4, 2025

តាមរយៈការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាពពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ពីការយល់ដឹងពី «ការពារការចម្លងជំងឺផ្តាសាយ ទោះជាប្រភេទណាក៏ដោយ» គឺជាកិច្ចការរបស់បុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ការថែទាំសុខភាពផ្ទាល់ខ្លួន។

១. មូលហេតុចម្បងនៃជំងឺគ្រុនផ្តាសាយ (ទោះជាប្រភេទណាក៏ដោយ) គឺបណ្តាលមកពីវីរុសផ្តាសាយ ដែលឆ្លងដល់ប្រព័ន្ធផ្លូវដង្ហើម (ច្រមុះ បំពង់ក និងសួត)។ វាអាចបណ្តាលឱ្យរលាកទងសួត ឬរលាកសួត ឬមានជំងឺផ្លូវដង្ហើមពិបាកដកដង្ហើមដែលអាចនាំឱ្យស្លាប់បាន។ វារីករាលដាលជាចម្បងតាមរយៈដំណក់ទឹកផ្លូវដង្ហើម នៅពេលដែលអ្នកជំងឺក្អក កណ្តាស់ ឬនិយាយ។ វាក៏អាចឆ្លងតាមរយៈការប៉ះផ្ទៃណាមួយដែលមានមេរោគ តាមដៃ រួចមកប៉ះផ្ទៃមុខរបស់បុគ្គល។

២. វីរុសគ្រុនផ្តាសាយមានបួនប្រភេទគឺ A, B, C, និង D ៖

– គ្រុនផ្តាសាយ ដោយវីរុសប្រភេទ A និង B បង្កឱ្យមានជំងឺផ្តាសាយតាមរដូវកាល

– គ្រុនផ្តាសាយប្រភេទ A អាចបណ្តាលឱ្យមានការឆ្លងរាតត្បាត (ឧទាហរណ៍: H1N1)

– គ្រុនផ្តាសាយប្រភេទ C ជាធម្មតាបណ្តាលឱ្យមានជំងឺស្រាល។

• ប្រភេទ Influenza D ជាចម្បងប៉ះពាល់ដល់គោក្របី។
Mភាពស៊ាំចុះខ្សោយ ការទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលមានមេរោគ និងអនាម័យមិនល្អបង្កើនហានិភ័យនៃការឆ្លងមេរោគ។

៣. វិធានការការពារការចម្លង៖

៣. ១. ប្រសិនបើអ្នកក្អកកណ្តាស់ ត្រូវតែពាក់ម៉ាស់ ដេីម្បីការពារដំណក់ទឹកមាត់តូចៗខ្ទាតទៅប៉ះអ្នកដែលនៅជុំវិញខ្លួន។

៣. ២. សម្រាប់បុគ្គលដែលកំពុងតែផ្តាសាយ៖

– ត្រូវតែពាក់ម៉ាស់ជានិច្ច នៅកន្លែងធ្វេីការ កន្លែងប្រកបរបររកស៊ីទទួលទាន ឫនៅក្នុងផ្ទះជុំគ្រួសារ

– ធ្វើអនាម័យខ្លួនប្រាណ ឱ្យបានល្អ និងត្រូវឧស្សាហ៍លាងដៃ

– ត្រូវចេះខ្ចប់ក្រដាសដែលប្រេីជូតសំបោររួចនោះ យកទៅចោលក្នុងធុងសម្រាមត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល

– ពេលនៅក្នុងផ្ទះ សូមកុំជិតស្និតជាមួយសមាជិកគ្រួសារពេក ត្រូវចេះរក្សាគម្លាតរវាងបុគ្គល និងបុគ្គល មួយរយ: សិន រហូតដល់បានធូរស្រាល

– បើកបង្អួចបន្ទប់របស់ខ្លួន ដើម្បីឱ្យមានពន្លឺ និងខ្យល់ចេញចូលក្នុងអំឡុងពេលដែលលោកអ្នកមានជំងឺផ្តាសាយរហូតដល់បានជាសះស្បើយ។

– គេងឱ្យបានយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ និងបរិភោគអាហារដែលមានជីវជាតិដូចជាបន្លែ ផ្លែឈើ និងត្រី ឬស៊ុតឆ្អិនល្អ។
– ពិសាទឹកឱ្យបានច្រើន (២លីត្រក្នុងមួយថ្ងៃ) និងទឹកផ្លែឈើស្រស់ពីរបីពែង។

៣. ៣. សម្រាប់បុគ្គលគ្រប់រូប៖

– ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ជាពិសេសក្រោយពេលប៉ះពាល់ផ្ទៃអ្វីមួយ ឫក្រោយពេលចាប់ដៃបុគ្គលណាម្នាក់ មុនពេលប៉ះផ្ទៃមុខ-មាត់-ច្រមុះ-ភ្នែក មុនពេលពិសាអាហារ និងក្រោយពេលបន្ទោរបង់ ជាដើម

– ចៀសវាងនៅក្បែរអ្នកដែលមានជំងឺផ្តាសាយមួយរយ: ពេលសិន រហូតបុគ្គលដែលផ្តសាយនោះ បានជាសះស្បើយ

– សម្អាតបន្ទប់ដែលបុគ្គលមានជំងឺផ្តាសាយ បើអាចធ្វើបាន គួរបាញ់អាល់កុលលើផ្ទៃគ្រែ និងលំហរបន្ទប់ ហើយបើកបង្អួចឱ្យមានពន្លឺចូល និងខ្យល់ចេញចូលបាន ក្នុងរយ: ពេលដែលបុគ្គលឈឺផ្តាសាយ រហូតដល់បានជាសះស្បើយ

– គេងឱ្យបានយ៉ាងតិច ៨ម៉ោងក្នុងមួយថ្ងៃ និងបរិភោគអាហារដែលមានជីវជាតិដូចជាតិបន្លែ ផ្លែឈើ និងសាច់ត្រី ឫស៊ុតចម្អិនល្អ

– ពិសារទឹកឱ្យបានច្រើន (២លីត្រក្នុងមួយថ្ងៃ) – បរិភោគអាហារដែលចម្អិនល្អ និងកុំភ្លេចអនុវត្តន៍ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ផង

– កុំប៉ះពាល់ ឫបរិភោគសត្វបសុបក្សីដែលឈឺ ឫស្លាប់។ ត្រូវយកទៅកប់ចោលត្រឹមត្រូវ និងត្រូវលាងសម្អាតដៃជានិច្ច។ ហាមក្មេងលេង ឫប៉ះពាល់ជាមួយសត្វបសុបក្សី។

– បើក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ ពិសាថ្នាំប៉ារ៉ាសេតាម៉ុល (៥០០មីលីក្រាម) បើកំដៅនៅតែមិនថមថយ ឫមានសញ្ញាពិបាកដកដង្ហើម ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដែលបានបណ្តុះបណ្តាលត្រឹមត្រូវ ឫទៅមណ្ឌលសុខភាព/មន្ទីរពេទ្យ ដែលនៅជិតលោកអ្នក

– កុំព្យាយាមពិសារថ្នាំពួកអង់ទីប៊ីយូទិក ឫថ្នាំផ្សេងៗ ដោយគ្មានវេជ្ជបញ្ជារឱ្យសោះ

– ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ

– បេីមានចម្ងល់បន្ថែម ឫសង្ស័យអ្វី អាចទាក់ទងទៅកាន់លេខ ១១៥៕

ប្រភព៖ Dr. Or Vandine 

Share This Post: