ប្រេងអណ្តែតលើឆ្នេរព្រែកត្រែងសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អាចចុះមុជទឹកបាននៅឡើយទេ
- BY
- soknita
- February 4, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងងថា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុបានសម្អាតប្រមាណជាង ៩៥ភាគរយហើយ ប៉ុន្តែលោកអះអាងថា ទោះបីជាយ៉ាងណាក៏មិនទាន់អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន។
លោក ឡុង ឌីម៉ង់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹង នៅព្រឹកថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ថា បន្ទាប់ ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែងកាលពីថ្ងៃទី ១ ខែកុម្ភៈ ក្រុមការងារជំនាញបានសម្អាតប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ ។ “មកដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្ថានភាពមានលក្ខណៈល្អប្រសើរច្រើនហើយ សឹងតែអាចគ្រប់គ្រងសភាពការណ៍បានអស់ហើយ ។ ដោយឡែកការសម្អាតឆ្នេរព្រែកត្រែង យើងអាចថា សម្រេចបាន៩៥ភាគរយ វានៅ សល់កំណកតិចតួចដែលត្រូវបានរលកបក់មក ។ ប្រេងដែលយើងទប់ស្កាត់បានគឺយើងទប់រួចហើយ ប៉ុន្តែមួយចំនួនខ្លះវានៅអណ្តែតលើផ្ទៃសមុទ្រ ហើយនៅពេលរលកបក់មក វានាំមកជាប្រភេទកំណកស្អិតៗដូចកៅស៊ូចឹង តិចតួចទេ” ។
ចំពោះការចុះមុជទឹកវិញ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ថា បានដាក់ផ្លាកសញ្ញាហាមឃាត់ចុះមុជ ទឹកក្នុងរយៈពេលខ្លីសិន ដើម្បីឲ្យអស់ប្រេងនៅលើផ្ទៃសមុទ្រ ដើម្បីធានាដល់សុខភាព ។ ម្យ៉ាងទៀតនៅពេលអស់ប្រេងក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រនឹងវិលទៅរកស្ថានភាពដូចដើមវិញ។ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ពីប្រភពនៃការហៀរកំពប់ប្រេងនេះគឺបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេងស្ថិតនៅស្រុកស្ទឹងហាវនេះតែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣១ខែមករា ប្រេងប្រមាណ ២០០០លីត្រ បានហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែភ្លាមៗបានក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានចុះសម្អាត ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: