អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន នៅឱ្យឆ្ងាយ បញ្ឈប់ការផ្តល់ចំណី ឬលេងជាមួយសត្វស្វា ចៀសវាងប៉ះពាល់ ដែលអាចបង្កជាបញ្ហានានាកើតឡើង
- BY
- soknita
- February 4, 2025
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជនតាំងជាតិ និងអន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្កជាបញ្ហានានាកើតឡើង។
ដោយពេលបច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។
ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។
ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរា សូមស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដោយអនុគ្រោះ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
- Share This Post: