ក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុបចំនួន ៤០ផ្ទាំង ជូនក្រសួងដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា
- BY
- soknita
- February 5, 2025
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុបចំនួន ៤០ផ្ទាំង ជូនក្រសួងដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា ដោយមានវត្តមាន លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង ឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។
ចំពោះសមុច្ច័យទាំង ៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។ ជាគោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។
លើសពីនោះ ក្រុម ការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។
គួររំឮកផងដែរថា ក្នុងកំឡុងឆ្នាំ ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជាចំនួន២លើកម្តងមកហើយ លើកទី១សរុបចំនួន ២៣ផ្ទាំង និង លើកទី២សរុបចំនួន ២ផ្ទាំ៕
- Share This Post: