នាវាទេសចរណ (NOORDAM) សញ្ជាតិ «ហូឡង់» បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានភ្ញៀវទេសចរណ៍ជិត ២០០០នាក់
(ក្រុងព្រះសីហនុ)៖ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា វេលាម៉ោង ៧:៣០ នាទី មាននាវាទេសចរណ៍មួយឈ្មោះ (NOORDAM) សញ្ជាតិ «ហូឡង់» ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

ចំពោះការចូលចតរបស់នាវាមួយនេះដែរ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ ក្នុងនេះដែរ នាវាទេសចរណ៍ (NOORDAM) មាននាវិកសរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន ៤២ សញ្ជាតិ។ គួរបញ្ជាក់ផងដែរ ចំនួនភ្ញៀវទេចរណ៍សញ្ជាតិសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេ (៩២៥នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទី នៅថ្ងៃដដែល៕





ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ