អាជ្ញាធរជាតិអប្សរា ជូនដំណឹងពី ការកាត់ដកហូតដើមឈើនិងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នឹងកាត់ដកហូតដើមឈើនិងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា ជូនដំណឹងថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បី លើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរាំនឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមទីតាំងនានាដូចខាងក្រោម៖
-កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០៨ដើម (កាត់ដកហូតដើមស្តង់២ដើម និងកាត់ក្រីដើមឈើទាល ៦ដើម) ស្ថិតនៅបរិវេណតួប្រាសាទខាងកើតប្រាសាទព្រះខ័ន។
-កាត់ដកហូត និងកាត់ត្រីដើមឈើចំនួន០៥ដើម (កាត់ដកហូតដើមឈើទាល១ដើម ដើមពង្រ១ដើម ដើម ស្លាកំបុល១ដើម កាត់ក្រីដើមស្លាកំបុល១ដើម និងដើមគល់លៀប១ដើម) ស្ថិតនៅបរិវេណប្រាសាទ តាសោម។
-កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០៨ដើម (កាត់ដកហូតដើមពង្រ១ដើម និងកាត់ក្រីដើមឈើទាល ៧ដើម) មានហានិភ័យស្ថិតនៅបរិវេណខាងមុខបន្ទប់ទឹកវត្តតាំងតុ។
-កាត់ដកហូតដើមឈើចំនួន០២ដើម (កាត់ដកហូតដើមអាកាស្យា១ដើម និងដើមឈើទាល១ដើម) មាន ហានិភ័យស្ថិតនៅបរិវេណប្រាសាទបន្ទាយក្តីខ្លោងទ្វារខាងលិច។
-កាត់ដកហូតដើមឈើទាលចំនួន១ដើម ស្ថិតនៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។
-កាត់ដកហូតដើមឈើទាលចំនួន០១ដើម ស្ថិតនៅផែទូកខាងលិចខ្លោងទ្វារទន្លេអុំ ។
-កាត់ដកហូតដើមឈើទាលចំនួន០១ដើម ស្ថិតនៅខាងត្បូងឆៀងខាងលិចខ្លោងទ្វារទន្លេអុំ។
-កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០២ដើម (កាត់ដកហូតដើមត្រសេក១ដើម និងកាត់ក្រីដើមទឹក ដោះគោ១ដើម) ស្ថិតនៅបរិវេណខាងត្បូងប្រាសាទអង្គរវត្ត។
-កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០២ដើម (កាត់ដកហូតដើមឈើទាល១ដើម និងកាត់ក្រីដើមចំបក់ ១ដើម) ស្ថិតនៅបរិវេណអនុវិទ្យាល័យបាគងម៉ូតវ៉ានី។
-កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០៣ដើម (កាត់ដកហូតដើមចំបក់១ដើម កាត់ក្រីដើមឈើទាល១ ដើម និងដើមចំបក់១ដើម) ស្ថិតនៅបរិវេណមណ្ឌលវិបស្សនាវត្តបាគង។
-ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ តទៅរហូតដល់ចប់ភារកិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា