មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បំភ្លឺពុំមានករណីភ្លើងឆេះព្រៃនៅកម្ពុជាឆ្លងចូលដីថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុឡើយ
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃបានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ។

ករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។
ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំ មានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។ ការឆេះព្រៃនៅភ្នំ Banthat ខេត្ត ត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត៕

ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់