នៅក្នុងឆ្នាំ ២០២៤ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍មកលេងប្រមាណជិត ២លាននាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេចរជាតិ និងអន្តរជាតិប្រមាណជិត២លាននាក់ បានមកលេងកំសាន្តនៅតាមរមនីយដ្ឋាននានា ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ចំនួនភ្ញៀវទេសចរណ័នេះ ចាត់ទុកជាកំណត់ត្រាមួយដ៏ច្រើនសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងវិស័យទេចរណ៍។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា អត្រាកំណើននៃភ្ញៀវទេសចរណ៍នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មិនមែនជារឿងចៃដន្យនោះទេ កត្តាដែលជម្រុញឲ្យមានកំណើនភ្ញៀវទេចរណ៍មកលេងកំសាន្តកើនឡើងជិត២លាននេះ ដោយសារកត្តាររួមផ្សំជាច្រើនពិសេសកត្តាអភិវឌ្ឍន៍របស់ខេត្ត ក្រៅពីនេះ គឺការរៀបចំសណ្តាប់ធ្នាប់ទេចរណ៍សេវាទេសចរណ៍នៅក្នុងខេត្តតាមតំបន់រមនីយដ្ឋានទេសចរណ៍បានល្អប្រសើរស្ទើរគ្រប់ទីកន្លែងដោយចាប់ផ្តើមពីការធ្វើបដិសណ្ឋារកិច្ចទេចសរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្ត។

ក្រៅពីរមនីយដ្ឋានទេសចរណ៍វប្បធម៌ រមនីយដ្ឋានទេចរណ៍ប្រវត្តិសាស្រ្ត ដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍នោះ ខេត្តកំពង់ឆ្នាំងក៏មានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ទូកទេចរណ៍ ដែលកំពុងផ្តល់នូវសេវាទេសចរណ៍បានយ៉ាងគាប់ប្រសើរ ជូនអ្នកទេសចរប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ ។ លោកប្រធានមន្ទីរបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំងមានរមនីយដ្ឋានទេសចរណ៍សរុបចំនួន ២៩កន្លែង ក្នុងនោះរមនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមានចំនួន ១២កន្លែង ទេសចរណ៍ធម្មជាតិមានចំនួន ១០កន្លែង និងទេចរណ៍កែច្នៃមានចំនួន ៧កន្លែង៕



ប្រភព៖ ក្រសួងព័ត៌មាន