ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះ​​ហ្គាស​ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់ បណ្តាលឲ្យមនុស្ស៥នាក់បានបាត់បង់ជីវិត និង១០នាក់បានរងរបួស

    BY Liny01 February 13, 2025
    ផ្ទុះ​​ហ្គាស​ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់ បណ្តាលឲ្យមនុស្ស៥នាក់បានបាត់បង់ជីវិត និង១០នាក់បានរងរបួស

    តៃវ៉ាន់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង Taichung កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    បើតាមលោក Lu Shiow-yen ដែលជាអភិបាលក្រុង Taichung បានប្រាប់អ្នកសារព័ត៌មានថា នៅលើជាន់ទី ១២ នៃផ្សារទំនើបមួយកន្លែងនេះកំពុងមានការជួសជុលនិងកែលម្អហាងជាច្រើន ដែលកិច្ចការទាំងអស់នោះក៏តម្រូវឱ្យមានការប្រើប្រាស់ហ្គាសផងដែរ ហើយតាមការសន្និដ្ឋានបឋមគឺការផ្ទុះនោះទំនងជាបានកើតឡើងដោយសារតែការផ្ទុះហ្គាសដែលគេកំពុងប្រើប្រាស់ក្នុងការជួសជុលនិងកែលម្អហាងតែម្តង។ អភិបាលក្រុងរូបនេះបានបន្តថា អាជ្ញាធរតែវ៉ាន់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២៧គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៦២នាក់ដើម្បីធ្វើអត្តរាគមន៍ពន្លត់អគ្គីភ័យ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតលម្អិតជុំវិញករណីនេះផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: