កម្ពុជា-ជប៉ុន ប្រារព្ធមហោស្រពគីហ្សូណា ជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មហោស្រពគីហ្សូណា កម្ពុជា-ជប៉ុន ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូលើគ្រប់វិស័យ ពិសេសជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ គ្រាដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានឈានដល់ខួបជាង ៧០ឆ្នាំ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា មហោស្រពគីហ្សូណាឆ្នាំ ២០២៥ នេះ បានជ្រើសប្រធានបទថា «សុខដុមនៃភាពចម្រុះ» នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តម បានថ្លែងថា «ការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជននិងប្រជាជន លើកកម្ពស់ការយល់ដឹង ក៏ដូចជាភាពចម្រុះរបស់ប្រជាជន។
ការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗទៀត»។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាមហោស្រពឆ្នាំនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន បន្ទាប់ពីច្រើនឆ្នាំមកនេះ ចំណងវប្បធម៌រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិង ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូ ប្រកបដោយអត្ថន័យក្នុងវិស័យនានា។
សូមបញ្ជាក់ថា ក្នុងមហោស្រពរយៈពេល៤ថ្ងៃនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មានការរៀបចំសកម្មភាពវប្បធម៌ដូចជារបាំប្រពៃណីជប៉ុន របាំខ្មែរប្រពៃណី ប្រពៃណីជប៉ុន ការដាក់តាំងផលិតផល និងសេវាកម្មនានា។ លើសពីនេះ ក៏មានសិក្ខាសាលា ការចែករំលែកព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុន និងសកម្មភាពជាច្រើនទៀត៕


ប្រភព៖ ក្រសួងព័ត៌មាន