មន្ទីរពេទ្យបង្អែកខេត្តតាកែវ បំភ្លឺពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកមួយ បានបង្ហោះផ្សាយថា ខាងមន្ទីរពេទ្យបង្អែកខេត្តទុកប្រពន្ធគាត់ចោល រហូតបណ្ដាលឱ្យកូនក្នុងផ្ទៃបាត់់បង់ជីវិត
(តាកែវ)៖ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកខេត្តតាកែវ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកមួយ ឈ្មោះ Vong SoPheaK ដែលបានបង្ហោះផ្សាយថា មន្ទីរពេទ្យបង្អែកខេត្តតាកែវបានទុកប្រពន្ធគាត់ចោលរហូតបណ្ដាលឱ្យស្លាប់កូនក្នុងផ្ទៃនៅមន្ទីរពេទ្យ៖

យោងតាមសេចក្ដីបំភ្លឺរបស់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឱ្យដឹងថា ករណីស្ត្រីពពោះ អាយុ២៦ ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ Vong SoPheak បានចូលសម្រាកពេទ្យវេលាម៉ោង៤ និង៤៦នាទីព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយឈឺពោះសម្រាលគ្រប់ខែកូនទី០១ មិនមែនចូលសម្រាកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចការលើក ឡើងរបស់គាត់ទេ។ ហើយនៅពេលអ្នកជំងឺចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រចាំការនៅផ្នែកសម្ភពបានធ្វើការទទួល និងពិនិត្យ តាមបច្ចេកទេសវេជ្ជសាស្ត្រភ្លាមៗ វេលានោះឃើញថាមាត់ស្បូនមិនទាន់បើកនៅឡើយទេ។ ក្រុមការងារបានបូមឈាមយកទៅពិនិត្យ និងវិភាគតាមបច្ចេកទេស។ ឯការលើកឡើងថាមានការប្រកែកគ្នាប្រហែលកន្លះម៉ោង ទើបគ្រូពេទ្យព្រមវះកាត់អោយ ការពិតគឺក្រុមគ្រូពេទ្យ បានកំពុងប្រជុំពិភាក្សាគ្នាលើករណីនេះ និងធ្វើការពិនិត្យអេកូផ្ទៃពោះឡើងវិញ ដើម្បីផ្តល់ជាជម្រើសផ្នែកវេជ្ជសាស្ត្រជូនអ្នកជំងឺ។
មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមជម្រាបជូនថាមន្ទីរពេទ្យ ពុំទុកអ្នកជំងឺចោល ទោះមាន ឬមិនមានប័ណ្ណ ប.ស.ស មាន ឬមិនមាន បណ្ណ័មូលនិធិសមធម៌ នោះឡើយ។ ចំពោះករណីខាងលើក្រុមការងារបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជួយទាំងម្តាយ និងកូន និង បានខិតខំពន្យល់ផ្តល់ពត៌មានជាបន្តបន្ទាប់ដល់ក្រុមគ្រួសារ។ មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមចូលរួមសោកស្តាយចំពោះមរណភាព ទារកក្នុងពោះ៕


ប្រភប៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ