សហគ្រិនស្រ្តីវ័យក្មេងមួយរូប ចំណាយប្រាក់៤ លានដុល្លារដើម្បីវិនិយោគលើមជ្ឈមណ្ឌលវេជ្ជសាស្រ្តទំនើប
ភ្នំពេញ៖ សហគ្រិនស្ត្រីខ្មែរមួយរូប បានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តឈានមុខស្តង់ដារសិង្ហបុរីមួយនៅរាជធានីភ្នំពេញ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនិងវេជ្ជបណ្ឌិតល្បីៗ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ(Singmed Medical Center)នេះមានទីតាំងស្ថិតនៅអគារលេខ៦៤ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យពេទ្យ ជិតអគារវឌ្ឍនៈ។មមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ បានត្រូវបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៩ដោយមានការចូលរួមពីលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកស្រី ពិន នេត្រា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ។ វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ បានបង្ហាញពីសក្តានុពលនៃវិស័យសុខាភិបាលចូលមកកម្ពុជានូវការព្យាបាលវេជ្ជសាស្រ្តលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសសិង្ហបុរី។
លោកស្រី ពិន នេត្រា បានថ្លែងថា៖មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ ជាកន្លែងមួយសម្រាប់ពិនិត្យសុខភាព និងវិនិច្ឆ័យរោគ ដោយបំពាក់បច្ចេកវិទ្យាទំនើបឈានមុខនិងចុងក្រោយរបស់ប្រទេ ស សិង្ហបុរី MRI ម៉ាស៊ីនសុងក្រពះទំនើប ប្រព័ន្ធឆ្លុះចុងក្រោយបង្អស់របស់ FUJIFILM ដែលប្រើរូបភាពពន្លឺខៀវ(Blue Light Imaging)និងរូបភាពពណ៌តភា្ជប់(Linked Color Imaging)ក៏ដូចជាម៉ាស៊ីនស្គែន GE SIGNA CREATOR 1.5Testla MRI។ឧបករណ៍ទាំងអស់ សុទ្ធតែផ្តល់នូវភាពជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យនិងប្រសិទ្ធភាពក្នុងការគ្រប់គ្រងលំហូរការងាររបស់អ្នកជំងឺ។
លោកស្រីនាយិកាប្រតិបត្តិ បាន្យដឹងថា៖ ការវិនិយោគលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ មានប្រមាណ៤លានដុល្លារអាម៉េរិក។ជាមួយមជ្ឈមណ្ឌលនេះ ពលរដ្ឋកម្ពុជា ដែលចង់ពិនិត្យសុខភាព មិនចាំបាច់ចំណាយលុយច្រើនជិះយន្តហោះទៅសិង្ហបុរីទេ ដោយចំណេញទាំងថវិកា និងពេលវេលាព្រមទាំងទប់ស្កាត់លំហូរការពិនិត្យសុភាពនៅក្រៅប្រទេស។មជ្ឈមណ្ឌល ទទួលពិគ្រោះជំងឺក្រៅ មិនទទួលអ្នកជំងឺគេងឬ ព្យាបាល វះកាត់ទេ។សំខាន់ផ្តោតទៅលើការរុករកប្រភពនៃបញ្ហាជំងឺនីមួយៗ តាមរយៈការប្រើឧបករណ៍ទំនើបៗ បច្ចេកវិទ្យាឈានមុខ និងវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ មានបទពិសោធន៍ខ្ពស់។បុគ្គលិកពេទ្យមានជំនាញនិងវិជ្ជាជីវៈអាចនិយាយភាសាអង់គ្លេស ចិននិងខ្មែរដើម្បីទំនាក់ទំនងជាមួយអ្នកជំងឺមកពីប្រភពនិងជាតិសាសន៍ផ្សេងៗគ្នា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងការគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដនេះ ដែលនឹងជួយរួមចំណែកលើកកម្ពស់ អភិវឌ្ឍន៍វិស័យសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ ។វត្តមានមជ្ឈមណ្ឌលនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានសេវាពិនិត្យសុខភាពល្អពិតប្រាកដ ទូលំទូលាយនិងប្រកប ដោយប្រសិទ្ធភាព តាមរយៈសេវាស្តង់ដារនិងបច្ចេកវិទ្យាទំនើបទាន់សម័យ។ ទន្ទឹមនឹងនេះលោកស្រីរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ អនុវត្តប្រតិបត្តិស្តង់ដារ បច្ចេកទេស វិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់៕