តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ជាង២០០នាក់ ចូលរួមឈ្វេងយល់អំពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម»
- BY
- soknita
- February 18, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ជាង២០០នាក់ ចូលរួមឈ្វេងយល់អំពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម»។
កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ដោយមានអ្នកចូលរួមពីតំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនប្រមាណជាង២០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់តែទូលំទូលាយ ក្រោមអធិបតីភាព ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះ ឯកឧត្តម គឹម កែវរស្មី បានលើកឡើងថា ក្នុងករណី សហគ្រាស គ្រឹះស្ថាន មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម នោះ ប.ស.ស. នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ឯកឧត្តម សង្ឃឹម និងជឿជាក់ថា អ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញជូន៕
ប្រភព៖ បេឡាសន្តិសុខសង្គម
- Share This Post: