មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានផ្ដល់ជូនចំពោះការវះកាត់ជំងឺរោគស្រ្តី នៅខែមេសាខាងមុខនេះ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានការវះកាត់ជំងឺរោគស្រ្តីជូនស្រ្តីដែលមានវិបត្តិ នៅខែមេសាខាងមុខនេះ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះកាត់ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។
១. ការពិគ្រោះជំងឺរោគស្ត្រី :
-ពិគ្រោះលំបាកមានកូន
-ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត
-ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ
២. ការវះកាត់រោគស្ត្រី :
-ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន
-ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ
-ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប
-ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត
សូមធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្នែកសម្ភព និងរោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ 087 701 373។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
