ក្រសួងអប់រំ អំពាវនាវដល់សាធារណៈជនឱ្យជួយឧបត្ថម្ភជារង្វាន់ និងលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីអំពាវនាវពី ការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ស្ដីពីការផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ។

ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និង ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២។ នៅឆ្នាំនេះការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ពិធីបើកការប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និង រង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង វេលាម៉ោង ១៤:០០នាទីរសៀល នៅវិទ្យាល័យ ជា ស៊ឹម សន្ធរម៉ុក រាជធានីភ្នំពេញ។
ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅ ប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូ ទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។ សប្បុរសជន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែង អំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ថវិកា និងសម្ភារៈចូលរួម សូមផ្ញើ ឬប្រគល់មកលោក គឹម ថាច ទូរសព្ទលេខ ០១២ ៨៤៣ ៤៧៥ នៅនាយកដ្ឋាន កិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ៕


ប្រភព៖ MoEYS Cambodia