ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ចិន ប្រារព្ធព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិព័ណ៌រូបភាព និងអាហារក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយាន​ដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    BY Nisaiy KN February 23, 2025
    កម្ពុជា-ចិន ប្រារព្ធព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិព័ណ៌រូបភាព និងអាហារក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយាន​ដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌និងការរៀបចំ ពិព័ណ៍រូបភាពនិងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយមានការចូលរួមពី ឯកឧត្តម យិន លី សមាជិក​ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ ជាច្រើនរូប។

    ក្នុងពិធីឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មាន​ឆ្នាំកន្លងទៅនេះក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ ដឹកនាំប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណង​មិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ចំពោះការដឹកនាំ​ប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។

    លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជា​មួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនង​នេះកាន់តែស្អិតរមួតទ្វេឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលជាបីទសវត្សកន្លងមកនេះ មិត្តចិនរួមចំណែក​យ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា តាមរយៈការផ្តល់​ជំនួយឥតសំណង កម្ចីសម្បទាន ដើម្បីគាំទ្រដល់វិស័យអាទិភាព​សំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់កម្ពុជា ពិសេសការកសាង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដូចជាផ្លូវ ស្ពាន ថ្នល់ បណ្តាញអគ្គិសនីជាដើម។

    លោកជំទាវ មានប្រសាសន៍ទៀតថា ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏មានគម្រោងធំៗមួយចំនួនដូចជា ផ្លូវល្បឿនលឿន​ភ្នំពេញ​ក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ក៏នឹងអាចលេចចេញជារូបរាង​នៅក្នុងពេលខាង​មុខនេះដែរ ដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរថែមទៀត។ ឯកឧត្តម យិន លី​សមាជិកការិយាល័យនយោបាយមជ្ឈិម​បក្សកុម្មុយ​នីស្ដចិន បានបង្ហាញនូវក្ដីរីករាយចំពោះការបានមកដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់ទាក់ទាញដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនា ហើយក៏ជាប្រភពសេដ្ឋកិច្ច​ជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។

    តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿ​ជាក់ថា វានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាពប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោ​បាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះដែរ នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេសខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែលការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញ​ភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕




    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: