ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកជិត ៤ពាន់លានម៉ែត្រត្រីគុណ ត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

    BY Nisaiy KN March 2, 2025
    ទឹកជិត ៤ពាន់លានម៉ែត្រត្រីគុណ ត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា កម្ពុជាមានទឹកជិត ៤ពាន់លានម៉ែត្រត្រីគុណត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

    ដែលនេះគឺជាការបន្សល់ទុកដោយស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ហើយរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេននៅតែបន្តគិតគូចំពោះបញ្ហាទឹក តាមរយៈការកសាងអាងទឹកថ្មីៗបន្ថែម រក្សា និងជួសជុល ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ជាដើម។

    ការបញ្ជាក់របស់រដ្ឋមន្ត្រីធនធានទឹកដូច្នេះក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ក្រោមការសហការរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងធនធានទឹក និងឧតុនិយម នឹងខិតខំក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារា សាស្ត្រមួយចំនួនធំឱ្យក្លាយទៅជាប្រព័ន្ធធារាសាស្ត្រទំនើប ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយត្រូវ មានប្រឡាយជើងក្អែបសម្រាប់ការចែកចាយទឹកកសិកម្មជូនកសិករ។ កិច្ចការនេះនឹងត្រូវការពេលវេលាច្រើនឆ្នាំ និងត្រូវចំណាយថវិកាច្រើន តែទោះជាយ៉ាងណាក៏យើងត្រូវតែខិតខំធ្វើដែរ ព្រោះថាធនធានទឹកគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដែលពីមុនយើងគិតត្រឹមថា ទឹកគ្រាន់តែបម្រើដល់វិស័យកសិកម្ម និងបម្រើដល់ការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណោះ តែបច្ចុប្បន្ននៅកម្ពុជាមិនដូចពេលមុនទៀតនោះ ទេ គឺវិស័យឧស្សាហកម្មនៅក្នុងប្រទេសរបស់យើងកំពុងមានការរីកចម្រើន ដែលទាមទារឱ្យមានការផ្គត់ ផ្គង់ទឹកយ៉ាងច្រើនចូលទៅក្នុងរោងចក្រឧស្សាហកម្មទាំងឡាយ ដែលកំពុងបន្តមានកំណើនកើនឡើង។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា យើងមានអាងទឹក បឹងបួរ និងកន្លែងស្តុកទឹកជាច្រើននៅទូទាំងប្រទេស តែអាងទឹក បឹងបួរ និងកន្លែងស្តុកទឹកខ្លះបានគោករាក់ យើងសូមលើកទឹកចិត្តឱ្យមានការស្តារឡើងវិញ និងបដិសេធចំពោះការលុបវា ព្រោះយើងនឹងមានតម្រូវការកាន់តែច្រើននូវប្រភពទឹកសម្រាប់ ការធ្វើកសិកម្ម សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់រោងចក្រឧស្សាហកម្មដែលកំពុងរីកចម្រើន។

    ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកសិកម្មប្រមាណ៤លានហិកតា តែយើងអាច ផ្គត់ផ្គត់ទឹកកសិកម្មបានប្រមាណតែជិត ២លានហិកតាតែប៉ុណ្ណោះ។ ដូច្នេះក្នុងនាមជារដ្ឋមន្ត្រីក្រសួងធនធានទឹកឯកឧត្តមសូមអំពាវទៅដល់បងប្អូនប្រជាកសិករដែលធ្វើស្រូវក្នុងរដូវប្រាំងសូមធ្វើតែម្តងបានហើយ ព្រោះថាបើលើសពីនេះនោះបងប្អូនអាចនឹងខាតបង់ដោយសារតែយើងខ្វះទឹក ជាពិសេសដីស្រែ ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: