ក្រសួងការងារ ជូនដំណឹងពី ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ ២០២៥ (Special EPS-TOPIK)
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងាររបស់សាធារណរដ្ឋកូរ៉េ មានការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ ២០២៥ (Special EPS-TOPIK) ។

យោងតាមការចុះផ្សាយរប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងាររបស់សាធារណរដ្ឋកូរ៉េ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណជន អំពីការប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ២០២៥ (Special EPS-TOPIK) សម្រាប់ វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
១-លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង
បេក្ខជនដែលមានឈ្មោះក្នុង បញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិដាក់ពាក្យសុំសិទ្ធិប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ ២០២៥ (Special EPS-TOPIK) ដែលនឹងបិទផ្សាយនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នៅលើគេហទំព័ររបស់ គ.ប.ប.ព.ប (www.mtosb.gov.kh) ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ គ.ប.ប.ព.ប (www.facebook.com/mtosbcambodia) និងតេលេក្រាមផ្លូវការ EPS-Cambodia (https://t.me/epscambodia) ហើយបំពេញតាមលក្ខខណ្ឌដូចខាងក្រោមប៉ុណ្ណោះ ដែលអាចដាក់ពាក្យសុំសិទ្ធិប្រឡងបាន៖
-បេក្ខជនដែលបានបន្តកិច្ចសន្យាការងារ និងចាកចេញពីសាធារណរដ្ឋកូរ៉េ មុនថ្ងៃផុតកំណត់កិច្ចសន្យា ការងារដោយស្របច្បាប់ (ត្រលប់មកកម្ពុជាក្រោយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០)
-បេក្ខជនដែលមានអាយុចាប់ពី១៨ ដល់ ៣៩ឆ្នាំ (កើតចន្លោះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៨៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៧)
-បេក្ខជនដែលមិនធ្លាប់ធ្វើការខុសច្បាប់នៅសាធារណរដ្ឋកូរ៉េ និងមិនដែលត្រូវបានបណ្តេញចេញពី សាធារណរដ្ឋកូរ៉េ
-បេក្ខជនដែលមិនធ្លាប់ជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋធ្ងន់ធ្ងរ
-បេក្ខជនដែលមិនត្រូវបានហាមឃាត់ឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា
-បេក្ខជនដែលមិនធ្លាប់ស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើសពី ០៥ឆ្នាំ (រួមបញ្ចូលទាំងប្រភេទ ទិដ្ឋាការ E-9 និងE-10) លើកលែងការបន្តដោយស្វ័យប្រវត្តិក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។
២-ការចុះឈ្មោះប្រឡង
-ចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥
-បេក្ខជនត្រូវចុះឈ្មោះតាមកម្មវិធី EPS-TOPIK Cambodia ដែលអាចទាញយកបានពី Play Store ឬ គេហទំព័រ www.eps.mtosb.gov.kh និងគ្មានការកំណត់ចំនួនបេក្ខជនចុះឈ្មោះប្រឡងឡើយ
-ប្រសិនបើបេក្ខជនបានបញ្ចប់វគ្គសិក្សាភាសាកូរ៉េ TOPIK កម្រិត៣ ឬវគ្គបណ្តុះបណ្តាលជំនាញការងារ និងបង្កើតអាជីវកម្ម ក្នុងកម្មវិធី Resettlement Support Training សូមទំនាក់ទំនងមកកាន់តេលេក្រាម ០១២ ២៥៣ ៥៥៥ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម។
-តម្លៃសុំសិទ្ធិប្រឡងជូនទៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និង ការងារនៃសាធារណរដ្ឋកូរ៉េ៖ ២៨ដុល្លារ
-ឯកសារចាំបាច់សម្រាប់ Upload ក្នុងកម្មវិធី៖
• លិខិតឆ្លងដែន
• រូបថតពណ៌ធម្មជាតិដែលមិនមានការតុបតែង ទំហំ ៣.៥x ៤.៥ សង់ទីម៉ែត្រ (ផ្ទៃខាងក្រោយពណ៌ស) ។
៣-កាលបរិច្ឆេទប្រឡង
-ការបិទឈ្មោះប្រឡង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នៅលើគេហទំព័រ (www.mtosb.gov.kh) គេហទំព័រហ្វេសប៊ុកផេកផ្លូវការ (www.facebook.com/mtosbcambodia) និង តេលេក្រាមផ្លូវការ EPS-Cambodia (https://t.me/epscambodia)
-មណ្ឌលប្រឡង៖ ជាន់ទី៤ អគារមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ស្ថិត នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំពោះកាលបរិច្ឆេទប្រឡងចាប់ពីថ្ងៃអង្គារទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ ដោយក្នុងមួយថ្ងៃមានការប្រឡង ចំនួន ០៤វេន។




