ផ្សារសួនធម្មជាតិ បើកសាខាថ្មីមួយបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលគាំទ្រ បន្លែ ផ្លែឈើ ដែលគ្មានសាធាតុគីមី
កាលពីថ្ងៃទី០៦ ខែឧសភា កន្លងទៅនេះ ផ្សារសួនធម្មជាតិ (Natural Garden) បានពង្រីកសាខារបស់ខ្លួនមួយបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលគាំទ្របន្លែ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករក្នុងស្រុកដែលមិនប្រើប្រាស់សារធាតុគីមី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមប្រសាសន៍ប្រធានគ្រប់គ្រងសាខាផ្សារសួនធម្មជាតិសាខាផ្សារដើមថ្កូវបានមានប្រសាសន៍ថា”ផ្សារសួនធម្មជាតិបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម៉្លេះដែលពេលនោះភ្ញៀវភាគច្រើនជាជនជាតិបរទេស ហើយរហូតមកដល់ពេលសព្វថ្ងៃនេះ ការយល់ដឹងពីអត្ថប្រយោជន៍នូវការប្រើប្រាស់បន្លែ ផ្លែឈើ សេរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋ យើងសង្កេតឃើញថាសន្ទុះនៃតម្រូវការ បន្លែ ផ្លែឈើ សេរីរាង្គក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាហេតុធ្វើអោយសព្វថ្ងៃផ្សារសួនធម្មជាតិមានសាខារហូតដល់ទៅ ៥ ទៅហើយ។” លោកបានបន្តទៀតថា” អាហារ បន្លែ សេរីរាង្គ គឺវាពិបាកក្នុងការដាំដុះខ្លាំងមែនទែនដោយសារតែ បន្លែ របស់យើងមិនបានប្រើប្រាស់ថ្នាំគីមី ដើម្បីអោយបន្លែស្រស់ និងលូតលាស់លឿននោះទេ ជាពិសេសថែមទៀតនោះវាក៏មិនបានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកផងដែរ និយាយជារួមគឺវាជំនួយដល់សុខភាពអ្នកប្រើប្រាស់ច្រើនមែនទែន ពិសេសលើសពីនេះទៀតនោះបន្លែ សេរីរាង្គក៏មិនថ្លៃជា បន្លែ ផ្លែឈើដែលដាក់លក់នៅលើទីផ្សារប៉ុន្មាននោះដែរ គឺវាអាចថ្លៃជាងត្រូវ ១០០០៛ ទៅ ២០០០៛ តែប៉ុណ្ណោះតែវាបានផ្តល់អោយយើងនូវអត្ថប្រយោជន៍ជាច្រើនដែលយើងនឹកស្មានមិនដល់ ដែលប្រជាជនយើងគួរតែងាកមកបរិភោគអាហារធម្មជាតិ ដូចជាបន្លែសេរីរាង្គនេះ។”
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ផ្សារសួនធម្មជាតិមានសាខាចំនួន៥ ហើយដែលដំណើរការលក់នូវអាហារសេរីរាង្គជូនអតិថិជនប្រើប្រាស់ជាប្រចាំ។










