ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលព័ត៌មាន ដែលថាគ្រាប់ស្វាយចន្ទីបានធ្លាក់ថ្លៃ

    BY Nisaiy KN March 9, 2025
    អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលព័ត៌មាន ដែលថាគ្រាប់ស្វាយចន្ទីបានធ្លាក់ថ្លៃ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បើប្រៀបធៀបតម្លៃគ្រាប់ស្វាយចន្ទីឆៅ សម្រាប់ខែមីនា ឆ្នាំ២០២៤ ទៅនឹងខែដដែលនាឆ្នាំនេះ តម្លៃល្អជាងកាលពីឆ្នាំមុន ហើយក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចផ្ដល់ប្រាក់ចំណេញសមរម្យដល់បងប្អូនកសិករផងដែរ។

    អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា យោងតាមការកត់ត្រាចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ គឺគ្រាប់ស្វាយចន្ទីឆៅមានតម្លៃចន្លោះពី៤០០០ ទៅ៥០០០រៀលក្នុង១គីឡូក្រាម។
    ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើក២ចំណុច ដែលមានការភាន់ច្រឡំជុំវិញការផ្សាយព័ត៌មានតម្លៃគ្រាប់ស្វាយចន្ទី។

    ១.ការសន្និដ្ឋានថាថ្លៃគ្រាប់ស្វាយចន្ទីឆៅ បានធ្លាក់ចុះយ៉ាងគំហុកនោះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដទីផ្សារគ្រាប់ស្វាយចន្ទីឡើយ។ ជាក់ស្តែងថ្លៃគ្រាប់ស្វាយចន្ទីតែងតែមានភាពខុសគ្នារវាងថ្លៃនៅដើមរដូវ និងថ្លៃពេលរដូវប្រមូលផលធំឈានមកដល់។ អ្នកដែលស្ថិតនៅក្នុងវិស័យនេះ ប្រាកដជាដឹងច្បាស់ណាស់ថា វាគ្រាន់តែជាការប្រែប្រួលថ្លៃតាមនិន្នាការធម្មតា ដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។

    និងទី២. មិនមានការក្រឡុកថ្លៃ ដោយឈ្មួញណាមួយដូចការលើកឡើងនោះទេ។

    គួរបញ្ជាក់ជូនថា ការបកស្រាយខាងលើ បានធ្វើឡើងបន្ទាប់ពីមានការផ្សាយព័ត៌មានខុសការពិត ដែលធ្វើអោយមានការភ្ញាក់ផ្អើលដល់កសិករ។ ទន្ទឹមនេះអ្នកនាំពាក្យក្រសួងកសិកម្ម បានស្នើសុំឲ្យមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងទីផ្សារគ្រាប់ស្វាយចន្ទីអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់ទិន្នន័យពិតប្រាកដទៅកាន់សាធារណជន និងបងប្អូនកសិករជៀសវាងការធ្វើឱ្យមានការភ្ញាក់ផ្អើល ដែលមិនចាំបាច់ណាមួយដូចករណី ដែលបានកើតឡើងខាងលើនេះ។

    ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថាក្រសួងនេះតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំទៅលើស្ថានភាពថ្លៃកសិផលសំខាន់ៗហើយបើពិតជាធ្លាក់ថ្លៃពីកម្រិតដែលមិនអាចទទួលយកបាន យើងនឹងមានអន្តរាគមន៍៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: