សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុននឹងផ្ដល់មេដាយជូនមន្រ្ដីរាជការណាមួយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់ ហើយមន្រ្ដី ដែលទទួលបានមេដាយ គឺជាមន្រ្ដីសកម្ម និងមានវត្តមានធ្វើការប្រចាំថ្ងៃ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយមន្រ្ដីមានបញ្ហាអ្វីផ្សេងៗនោះទេ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ហើយប្រយ័ត្ន ធ្វើឱ្យសុក្រឹត ប្រយ័ត្នអ្នកអត់មុខ១០ឆ្នាំ (អត់មកធ្វើការ ១០ឆ្នាំ) មានតែឈ្មោះ ក៏បានមេដាយដែរ ត្រូវធ្វើឱ្យច្បាស់ ប្រាកដ ជាមន្រ្ដីសកម្ម មន្ដ្រីធ្វើការងារជាប់ ហើយនេះសូមឱ្យច្បាស់»។
សម្តេចបវរធិបតី ក៏បានបញ្ជាក់ជាថ្មីថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដីទាំងមន្រ្ដីក្របខ័ណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។ លើសពីនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី បានណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមរៀបចំសហការជាមួយ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងការផ្ដល់មេដាយជូនមន្ដ្រី។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ផ្ដល់លិខិតសសើរ បណ្ណសរសើរ ជូនដល់មន្ដ្រីរបស់ខ្លួន គឺមានតម្លៃខ្លាំងណាស់ សម្រាប់ពួកគាត់ក្នុងការបំពេញការងារ៕

ប្រភព៖