ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមការតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា

    BY Liny01 March 21, 2025
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមការតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

    គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍កោះនរាថ្មីរបស់ក្រុមហ៊ុន OCIC ។

    គម្រោងនេះនឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។

    តាមការសិក្សាកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: