ករណីបុករត់នៅបុរីពិភពថ្មីចំការដូង សមត្ថកិច្ចជំនាញបានរកឃើញរថយន្តរបស់ជនបង្កហើយ ចំណែកជនបង្កសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាករណីបុករត់នៅបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញរថយន្តរបស់ជនបង្ក ចំណែកជនបង្កសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួន។

ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង១៤:២០នាទី ត្រង់ចំណុចក្នុងបុរីពិភពថ្មីចំការដូង លើផ្លូវ១០៤A ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ កំពង់ធំ 2B-5236 និងម៉ូតូម៉ាកហុងដា សេ១២៥ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ចំណែកអ្នកបើកបររថយន្ត បើករត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឱ្យជំនាញស្រាវជ្រាវ និងបានរកឃើញរថយន្តរបស់ជនបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកជនបង្ក សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ