ជនជាតិវៀតណាម ២៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមចំនួន ២៩នាក់ ចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ។

តាមរយៈផេកផ្លូវការ អគ្គនាយកអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២៩នាក់ (ស្រី១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ២១នាក់ (ស្រី១០នាក់) និងទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៨នាក់ ភេទប្រុស៕







ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍