Toyota និង Daihatsu ពង្រឹងប្រតិបត្តិការរថយន្តធុនតូច តាមរយៈយុទ្ធសាស្ត្រសកលបង្រួបបង្រួម
- BY
- Naren
- March 29, 2025
Toyota ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់រថយន្តដែលមានគុណភាពខ្ពស់ ជាមួយនឹងម៉ូឌែលប្រចាំត្រកូលរបស់ខ្លួនដូចជា Camry និង Corolla ដែលជានិមិត្តសញ្ញានៃវិស្វកម្មជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ រថយន្តម៉ាកតូយ៉ូតាជាច្រើនដែលដាក់លក់ក្នុងទីផ្សារបច្ចុប្បន្ន រួមទាំងប្រទេសកម្ពុជាផងដែរនោះ គឺមិនមែនបង្កើតឡើងដោយក្រុមហ៊ុនតូយ៉ូតាផ្ទាល់ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ម៉ូឌែលរថយន្តមួយចំនួនត្រូវបានផលិតដោយក្រុមហ៊ុន Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ដែលមានឯកទេសខាងរថយន្តធុនតូច និងមានតម្លៃសមរម្យ។
Daihatsu គឺមានប្រវត្តិយូរយារណាស់មកហើយក្នុងការផលិតរថយន្តធុនតូចៗ ជាពិសេសសម្រាប់ផ្នែករថយន្ត Kei របស់ប្រទេសជប៉ុន ក៏ដូចជាសម្រាប់ទីផ្សារដែលកំពុងអភិវឌ្ឍ ដោយផ្តល់នូវតម្លៃសមរម្យ និងប្រសិទ្ធភាពប្រេងឥន្ធនៈ ដែលជាចំណុចសំខាន់សម្រាប់ការលក់របស់ពួកគេ។ ក្រុមហ៊ុន Toyota បានបង្កើនជំនាញរបស់ Daihatsu ដោយដាក់ស្លាកសញ្ញាម៉ូដែលមួយចំនួនរបស់ខ្លួនឡើងវិញក្រោមឈ្មោះ Toyota ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យនៅក្នុងតំបន់។ យើងសង្ខេតឃើញថាម៉ូឌែលរថយន្ត Toyota មួយចំនួនខាងក្រោមនេះគឺផលិតដោយ Daihatsu៖
1. Toyota Wigo ឬ Agya ៖ ជាប្រភេទរថយន្ត hatchback ខ្នាតតូចដែលត្រូវបានបង្កើតឡើងដោយ Daihatsu ហើយរថយន្ត Toyota Wigo មានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ ដោយសារទំហំតូច និងសន្សំសំចៃប្រេង។
2. Toyota Raize : រថយន្ត SUV ខ្នាតតូចរបស់ម៉ាក Daihatsu Rocky ដែលបានបំពាក់ដោយស្លាកសញ្ញា Toyota ហើយផ្តល់នូវជម្រើសដូចគ្នាលើoption និងម៉ាស៊ីន។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវជម្រើសរថយន្ត SUV ក្នុងតម្លៃសមរម្យ។
3. Toyota Avanza៖ ជាប្រភេទរថយន្ត MPV ដ៏ពេញនិយម ក៏ប៉ុន្តែតាមពិត Toyota Avanza បង្កើតចេញពី Daihatsu Xenia ដែលជាបុត្រសម្ព័ន្ធនៃម៉ាក Toyota។ វាត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារពាណិជ្ជកម្ម ជាពិសេសនៅក្នុងទីផ្សារអាស៊ី។
4. Toyota Veloz៖ ជាប្រភេទរថយន្តដែលប្រណិតជាង Toyota Avanza ហើយពិសេសជាងនេះទៅទៀត រថយន្ត Toyota Veloz ក៏មានប្រភពមកពី Daihatsu ដែលមានលក្ខណៈពិសេស និងរចនាបថកាន់តែប្រសើរឡើង។
5. Toyota Rush៖ ជារថយន្ត compact SUV ដែលមានប្រភពពី Daihatsu Terios ដែលត្រូវបានប្តូរស្លាកយីហោទៅជា Toyota Rush វិញ ហើយវាជាជម្រើសល្អក្នុងទីផ្សាររថយន្ត SUV។
6. Toyota Town Ace៖ ជារថយន្ត Van ខ្នាតតូចដែលមានគ្រឹះពី Daihatsu Gran Max ដែលផ្តល់នូវជម្រើសសម្រាប់អាជីវកម្ម។
7. Toyota Roomy: រថយន្ត Kei ដែលមានកម្ពស់ខ្ពស់ ហើយម៉ូដែលនេះតាមពិតទៅជា Daihatsu Thor ហើយត្រូវបានរចនាឡើងសម្រាប់ការបើកបរក្នុងទីក្រុង ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ។
8. Toyota Pixis Series៖ រថយន្តដឹកទំនិញជាច្រើនម៉ូឌែលដូចជា Pixis Epoch, Pixis Mega, Pixis Van, និង Pixis Truck គឺជាម៉ាករថយន្ត Kei របស់ Daihatsu ដែលត្រូវបានដាក់ជាស្លាកយីហោ Toyota ស្របតាមបទប្បញ្ញត្តិរថយន្ត Kei របស់ប្រទេសជប៉ុន។
9. Toyota LiteAce : ជារថយន្តដឹកទំនិញ និងជារថយន្តពាណិជ្ជកម្ម ដែលម៉ូដែលនេះក៏មានប្រភពមកពី Daihatsu Gran Max ដែលស្រដៀងទៅនឹង Town Ace ផងដែរ។
កាលពីមុន រថយន្ត Toyota ដែលនាំចូលមកកម្ពុជាគឺពិតជាម៉ាកល្បីដែលផលិតនៅប្រទេសជប៉ុនដូចជា Camry និង Corolla ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ដោយសារក្រុមហ៊ុន Toyota សម្លឹងឃើញពីវិសាលភាពក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី ដែលមានតម្រូវការលើរថយន្តដែលមានតម្លៃសមរម្យ ទើបខ្លួនបានងាកទៅរកក្រុមហ៊ុន Daihatsu ដើម្បីផលិតម៉ូឌែលមួយចំនួនដែលផ្តល់នូវតម្លៃសមរម្យ និងតម្រូវតាមប្រទេសកំពុងអភិវឌ្ឍន៍។ យុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យ Toyota រក្សាវត្តមានម៉ាកយីហោដ៏រឹងមាំរបស់ខ្លួនបានល្អ ខណៈដែលខ្លួនបានប្រើប្រាស់ជំនាញរបស់ Daihatsu ក្នុងការផលិតរថយន្តធុនតូច និងសន្សំសំចៃប្រេងឥន្ធនៈ។ នេះមានន័យថាជម្រើសរថយន្ត Toyota មួយចំនួនគឺជារថយន្ត Daihatsu។ ប្រភព៖ global.toyota
- Share This Post: