ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្អែកនេះ

    BY Nisaiy KN April 20, 2025
    កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្អែកនេះ

    (ខេត្តកំពត)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

    ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត សម្រាប់ពិធីសម្ពោធដ៏សំខាន់នេះ។

    ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៦ ៧០០ នាក់ បានរួចរាល់ក្នុងការរង់ចាំទទួល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការ។

    គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ។

    អ្នកជំនាញបានបង្ហាញការជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យកាន់តែច្រើនឡើងនាពេលអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: