តួលេខភ្ញៀវទេសចរពីប្រទេសនៅតំបន់អាស៊ីទៅកម្សាន្តនៅប្រទេសថៃ បានធ្លាក់ចុះ ១៧% ដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព
- BY
- Pheakdey
- April 23, 2025
ថៃ៖ តួលេខភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលទៅកម្សាន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះគឺដោយសារពួកគេមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ ក្នុងពេលមកស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃ។

គួររម្លឹកជូនថា នាពេលកន្លងមកនៅក្នុងប្រទេសថៃធ្លាប់កើតមានករណីចាប់ពង្រត់តារាសម្តែងជនជាតិចិន ដែលបានធ្វើដំណើរទៅថតខ្សែភាពយន្តនៅទីនោះ ហើយគោលបំណងនៃការចាប់ពង្រត់តារាសម្តែងជនជាតិរូបនោះ គឺជនខិលខូចបាននាំយករូបគាត់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យធ្វើជាអ្នកបោកប្រាស់តាមប្រព័ន្ធ Online ។ សូមបញ្ជាក់ជូនផងដែរថា ចំនួនភ្ញៀវទេសចរអន្តជាតិទៅលេងនៅប្រទេសថៃ ដែលបានធ្លាក់ចុះនេះ គឺជាក្រុមអ្នកទេសចរមកពីប្រទេសចិន ហុងកុង កូរ៉េ តៃវ៉ាន់ និងវៀតណាម ដែលបានធ្លាក់ចុះរហូតដល់ ១៧% ដោយគិតត្រឹមការបិទបញ្ចប់ពីបុណ្យសង្ក្រាន្តថៃកាលពីពេលថ្មីៗនេះ ខណៈភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងក្រៅពីប្រទេសទាំង ៥នេះ គឺមិនបានថយចុះនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






