ព័ត៌មានជាតិ

ក្រសួងវប្បធម៌ នឹងប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ រយៈពេលបីថ្ងៃនៅខែមិថុនា

BY
Liny01
April 26, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានី ភំ្នពេញ ។ ការរៀបចំមហោស្រពចាប៉ីដងវែង ខណៈឆ្នាំ២០២៥ នេះ ជាគម្រប់ខួប៩ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជី​បេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្រាប់បេក្ខជន បេក្ខនារីជំនាញចាប៉ី​ដងវែង ដែលមានបំណងចូលរួមប្រកួត ប្រជែងអាចទាញយកពាក្យចូលរួមតាមតំណភ្ជាប់ខាងក្រោម ឬអាចស្កេនQR code នៅលើសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនជាមួយ https://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view

គួររំលឹកថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដោយសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​កម្ពុជា និងការខិតខំរបស់ក្រសួ ងវប្បធម៌ និងវិចិត្រសិល្បៈ ចាប៉ីដងវែងនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិរបស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​ កាលពីថ្ងៃ​ទី៣០​ វិច្ឆិកា ​២០១៦។​

យោងតាមឯកសារបង្ហាញថា «ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំ​ក្នុងវង់​ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។

ចាប៉ីដងវែង​ត្រូវបាន​ប្រជាជន​ខ្មែរ​ស្គាល់​ភាគច្រើន តាមរយៈ​ការសម្ដែង​ទោល ឬ​ការសម្ដែង​ដោយ​មានការ​ច្រៀង​ឆ្លើយឆ្លង​គ្នា​។ទោះជា​យ៉ាងណាឧបករណ៍​ចាប៉ីដងវែង ត្រូវបាន​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន​៤ ដូចជា​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុ​រណ វង់ភ្លេង​មហោរី និង​ក្នុង​ចម្រៀង​ចាប៉ីដងវែង​។

​កន្លងមក​មានការ​បកស្រាយ​ខ្លះៗ​ជា​សំណេរ តែ​ពុំមាន​លក្ខណៈ​លម្អិត ជាហេតុ​នាំឱ្យ​អ្នកស្រាវជ្រាវ ពិបាក​កំណត់​ពី​ប្រភព​ពាក្យ​ចាប៉ី និង​ដើមកំណើត​ចាប៉ីដងវែង​៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: