សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ យើងធ្វើអ្វីៗទាំងអស់ក្នុងវិស័យការងារ គឺដើម្បីអត្ថប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងធ្វើអ្វីៗទាំងអស់ក្នុងវិស័យការងារ គឺដើម្បីអត្ថប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី ទាំងផ្នែកសិទ្ធ ទាំងអត្ថប្រយោជន៍ផ្សេងៗ ការចរចាតម្លើងបៀវត្ស ការរៀបចំ ប.ស.ស. ការរៀបចំសុវត្ថិភាពនៃការដឹកជញ្ជូន ការរៀបចំទារកដ្ឋានជាដើម។ល។ គឺមិនមែនសំដៅឱ្យទៅអ្នកណាផ្សេងក្រៅពីបងប្អូន ដែលជាកម្មករ កម្មការិនី និងកូនចៅនោះទេ នេះគឺជាគោលការណ៍ ហើយថាការបង្កើតការងារ គឺមិនមែនបង្កើតតែបរិមាណនោះទេ តែត្រូវគិតពីគុណភាពផងដែរ ជាពិសេសការគោរពច្បាប់ការងារ ដោយមិនបណ្តោយឱ្យថៅកែជិះជាន់ដោយគ្មានច្បាប់ការពារនោះទេ។

ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីការពារសិទ្ធិសម្រាប់បងប្អូនកម្មករ កម្មការិនី ច្បាប់បានអនុញ្ញាត ឱ្យបង្កើតសហជីព និងសមាគម និងបានផ្តល់សិទ្ធិជូនដើម្បីធ្វើការងារជំនាញជួយដល់កម្មករ កម្មការិនី។ នេះគឺជានិយមន័យនៃការរៀបចំ ការគិតគូរាប់តាំងពីការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី រួមទាំង អ្នកបើកបរថែមទៀតផង ដោយយើងបានរកដំណោះស្រាយដើម្បីកុំឱ្យបងប្អូនជាអ្នកបើកបរបាត់អាជីព ពួកគាត់ក៏ជាអ្នកដែលយើងត្រូវគិតគូផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី ខេត្ត ក៏ដូចជាស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទាញយក និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករ កម្មការិនី។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺជាកាលានុវត្តភាព សម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងប្រទេស ដែលតាមរបាយការណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន១២ម៉ឺនកន្លែងនៅក្នុងគម្រោងពង្រីកផលិតកម្មចំនួន៦គម្រោង ហើយបើគិតត្រឹមតែមីនា ឆ្នាំ២០២៥នេះចំនួនរោងចក្រ សហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥.២៥៥ រោងចក្រ សហគ្រាស ធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤.៧៩៨ រោងចក្រ សហគ្រាស ហើយចំនួនកម្មករ និយោជិតបានកើនឡើងពីចំនួន ១,៨១លាននាក់ដល់ចំនួន ១,៨៥ លាននាក់៕



ប្រភព៖ ក្រសួងព័ត៌មាន