ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ៤ខែដើមឆ្នាំនេះ ការដឹកជញ្ជូនតាមផ្លូវអាកាសមានជាង ២ម៉ឺនជើង កើនឡើង​ជាង ១៧ភាគរយ

    BY Liny01 May 14, 2025
    រយៈពេល ៤ខែដើមឆ្នាំនេះ ការដឹកជញ្ជូនតាមផ្លូវអាកាសមានជាង ២ម៉ឺនជើង កើនឡើង​ជាង ១៧ភាគរយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅ​កម្ពុជា​មានចំនួនជាង ២ម៉ឺនជើង គឺកើនឡើង​ជាង​ ១៧​ភាគរយ ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង ១៨ភាគរយ​បើធៀបទៅនឹងរយៈ​ពេល ៤​ខែដូចគ្នាកាលពីឆ្នាំទៅមិញ។ នេះបើយោងតាមប្រភពរដ្ឋលេខាធិ​ការ​អាកាសចរណ៍ស៊ីវិល ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ចាប់គិតពីខែមករា ដល់​ខែមេសា ឆ្នាំ២០២៥ ស្ថានភាពវិស័យ​ដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មាន៖

    -ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២២,៦៨៦ជើង) មានការកើនឡើងជាង១៧ភាគរយ បើធៀបទៅនឹងរយៈ​ពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

    -អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២.៥លាននាក់ (២,៥២៥,២០៨នាក់) មានការកើនឡើងជាង​១៨ភាគរយ​​ បើធៀបទៅ​នឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤

    -ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនតោន (២២,៣៥០តោន) មានការកើនឡើង៨ភាគរយ​បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

    ប្រភពដដដែលបន្តថា គិតត្រឺមខែមេសាឆ្នាំ២០២៥នេះ ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ទៅកាន់​គោលដៅ​រាជធានី/ទីក្រុង សរុបចំនួន៣៤ នៅក្នុង​តំបន់ និងសកលលោក។ ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេនោះគឺ ទី១.ប្រទេសថៃ ទី២.ចិន ទី៣.វៀតណាម ទី៤.សឹង្ហបុរី ទី៥.ម៉ាឡេស៊ី និងទី៦.ប្រទេសកូរ៉េ។

    ក្នុងខែមេសាកន្លងទៅ ៖

    -ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មាន​ចំនួនជាង៥ពាន់ជើង (៥,២៥២ជើង) មានការកើនឡើងជិត១២% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤

    -អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦០ម៉ឺននាក់ (៥៦៤,៥៧៣​នាក់) មានការកើនឡើងជាង១៥% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹង​ខែមេសា ឆ្នាំ២០២៤

    -ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង៥ពាន់តោន (៥,២០២តោន) មានការកើនឡើងជិត៣% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤។

    សូមរំលឹកថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ​សរុប​ចំនួន៦,៧លាននាក់ កើនឡើង២៣ ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣។ ទេសចរក្នុងស្រុកក៏បានកើនឡើងផងដែរ ដោយមានអ្នកធ្វើដំណើរចំនួន ២២,៥២លាននាក់ គឺកើនឡើង២០ ភាគរយធៀបនឹងឆ្នាំ២០២៣។

    ដោយឡែកក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ​ជាង ១,៨៣ លាននាក់ពោលកើនឡើង១៦ ភាគរយបើធៀបនឹងរយៈពេលដូច​គ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍បានព្យាករថា ប្រាក់ចំណូលបាន​ពីទេសចរ​អន្តរជាតិ នឹងកើនឡើងដល់ប្រមាណ ៥.១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលរួមចំណែកប្រមាណ ១០.៥ ភាគរយដល់ GDP របស់ប្រទេស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: