អ្នកបង្កើតមាតិកាសម្រស់ល្បីមួយរូបនៅប្រទេសម៉ិកស៊ិក បាត់បង់ជីវិតភ្លាមៗខណៈកំពុងផ្សាយផ្ទាល់ នៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់
(ម៉ិកស៊ិក ) ៖ មានរឿងមួយកើតឡើង សាងការរន្ធត់ចិត្តជាខ្លាំងសម្រាប់មនុស្សជាច្រើន ក្រោយពេលដែល Valeria Márquez វ័យ២៣ឆ្នាំដែលជាអ្នកផលិតមាតិកាសម្រស់ និងជាម្ចាស់ហាងកែសម្ផស្ស បានបាត់បង់ជីវិតភ្លាមៗ ក្រោយពេលដែលនាងត្រូវបានគេបា.ញ់ ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ TikTok ក្នុងហាងរបស់នាង និងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងរដ្ឋ Jalisco នៃប្រទេសម៉ិកស៊ិក។

ក្នុងនោះ លោក Denis Rodríguez អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋ Jalisco បានផ្តល់ព័ត៌មានលម្អិតថ្មី អំពីរឿងនេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបាននិយាយថា ព្រះរាជអាជ្ញានៅតែកំពុងស៊ើបអង្កេតនៃការបាត់បង់ជិវិតរបស់តារាម៉ូដែល និងជាអ្នកផលិតមាតិកាសម្រស់ ដែលមានអ្នកតាមដានច្រើនជាង 113,000 នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះ។
ស្របគ្នានេះ អាជ្ញាធរដែលកំពុងស៊ើបអង្កេតករណីជុំវិញរឿងដ៏រន្ធត់នេះ ក៏បានបញ្ចេញរបាយការណ៍ដំបូងដែលបង្ហាញថា អតីតមិត្តប្រុសរបស់នាងអាចជាជនសង្ស័យ។
គួររំលឹកផងដែរថា Valeria Márquez ទទួលបានប្រជាប្រិយភាព នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស TikTok ជាកន្លែងដែលនាងបានចែករំលែកគន្លឹះ នៃការថែរក្សាសម្រស់ និងខ្លឹមសាររបៀបរស់នៅ។
ការបាត់បង់ជីវិតរបស់នាង បានធ្វើឱ្យអ្នកតាមដាន និងអ្នកនិយមលេងអ៊ីនធើណិតជាច្រើន បង្ហាញក្តីរន្ធត់ចិត្ត និងភាពអាណិតអាសូរខ្លាំងចំពោះនាង ព្រមទាំងសង្ឃឹមថានាងនឹងទទួលបានយុត្តិធម៌ឆាប់ៗ។


ប្រភព៖ BBC.NEWS