សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង ដឹកគ្រឿងក្នុងជ្រូកប្រមាណ១តោន ដែលនាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត
(ខេត្តបាត់ដំបង) ៖ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងក្នុងជ្រូក ដែលដឹកចូលមកពីប្រទេសថៃ ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមាណ ១តោន ត្រូវបានសមត្ថកិច្ច ស្ទាក់ឃាត់នៅក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ច នៃស្នងការដ្ឋានដឹកនាំកម្លាំង ក្នុងការិយាល័យស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AU -9764 បើកបរដោយឈ្មោះ ញា ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់ ស្មើនឹង ១,០០០គីឡូក្រាម បាននាំយកមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានរាយការណ៍ ជូនទៅឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានលោក ទូត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តីការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកដឹកជញ្ជូនសមត្ថកិច្ច និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ