លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។
ការទទូចរបស់លោកជំទាវ រដ្ឋលេខាធិការ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ក្រោយពីស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក។
ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ មន្ត្រីជាន់ខ្ពស់ខាងលើ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។ សូមកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់។
លោកចំទាវ បានជម្រាបជូនសាធារណជនថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ នូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការ “ការពារប្រសើរជាងព្យាបាល” ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់យើងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន