ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាភាគីថៃមិនឯកភាព ក៏កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែរ

    BY soknita June 2, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាភាគីថៃមិនឯកភាព ក៏កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែរ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដឹងករណីបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ភាពតាងតឹង ដោយសារភាពមិនច្បាស់លាស់ដែលតែងតែកើតការប្រឈមមុខដាក់គ្នាមិនចេះចប់មិនចេះហើយរវាងយោធាកម្ពុជា និងយោធាថៃ។

    ការប្រកាសជាថ្មីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដី មិនឱ្យបាត់បង់ និងមិនឱ្យបរទេសណាមួយឈ្លានពានបានឡើយ។ ក្នុងបទអន្តរាគមន៍ បើកកិច្ចប្រជុំសមាជ រដ្ឋសភានិង ព្រឹទ្ធភា នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅវិមានរដ្ឋសភា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើបច្ចេកទេសនិងច្បាប់អន្តរជាតិ ដើម្បីពន្លត់បញ្ហាជាជាងអង្គុយបក់ផ្សែង។

    សម្ដេចសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាករអន្តរជាតិ និងនៅក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ចៀសបញ្ហា កុំឱ្យអាចក្លាយទៅជាបញ្ហាប្រឈមគ្នាដោយប្រដាប់អាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ២០០០។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «កម្ពុជាសូមបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និង ពន្លត់បញ្ហានេះតែម្ដង កុំឱ្យមានបញ្ហាស្រពេចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជា ដែលអាចឈានដល់ការផ្ទុះអាវុធ និងការប្រឈមគ្នា ចឹងកិច្ចការងារនេះ គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល»។

    កាលពីយប់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់តាមបណ្ដាញសង្គមថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះសម្ដេចបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ÷

    ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

    ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

    ការបញ្ជាបែបនេះ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។

    តាមរយៈបណ្ដាញសង្គម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពក៏បានគាំទ្រវិធានការនេះដោយ សម្ដេចបញ្ជាក់ថា «ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឱ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay