មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ នឹងអាចមានបាតុភូតផ្គររន្ទះ
(ខេត្តកោះកុង)៖ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ តាមរយៈការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានឱ្យដឹង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ ដែលអាចកើតមានបាតុភូតផ្គររន្ទះ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ។

ចំពោះស្ថានភាពធាតុអាកាសក្នុងខេត្តកោះកុង តាមការបញ្ជាក់បន្ថែមក្នុងសេចក្ដីជូនដំណឹងងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ជូនជាពត៌មានឱ្យសាធារណៈជនបានជ្រាបថា ធាតុអាកាស នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ប្រព័ន្ធសម្ពាធទាប និងជ្រលងនៃកូនព្យុះឈ្មោះ វូទីបលើកទី ១ (TS WUTIP 2501) បាននឹងកំពុងមានឥទ្ធិពលប្រយោលមកលើខេត្តកោះកុង និងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលខ្លាំងមកលើខេត្ត កោះកុង ស្ថានភាពបែបនេះ និងធ្វើឲ្យអាកាសធាតុមានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនខ្លាំង ប្រូបាប៊ីលីតេ ៨០ ភាគរយ សីតុណ្ហភាពមានពី ២៤ ទៅ ២៩℃ និងខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ១០m/s ទៅ ១៤m’s រលកសមុទ្រមានកម្ពស់ខ្ពស់ ១,៥០ម៉ែត្រ ទៅ ២,៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង សូមសាធារណៈជន ប្រជានេសាទ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ និងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ ដោយឡែក ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស ជម្រាបជូនជា បន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង