មន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមច្រកទ្វាអន្តរជាតិជ្រៃធំ និងរកឃើញបន្លែ ចំនួន ៤ ប្រភេទ ដែលមានសំណល់ថ្នាំកសិកម្ម
(ខេត្តកណ្ដាល)៖ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមច្រកទ្វាអន្តរជាតិជ្រៃធំ និងរកឃើញបន្លែ ចំនួន ៤ ប្រភេទ ដែលមានសំណល់ថ្នាំកសិកម្ម។

តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការគាំទ្រដោយមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម សាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកណ្ដាល កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានសហកាជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ ដោយបានធ្វើតេស្តបឋមលើសំណាកគំរូចំនួន ២២សំណាកគំរូ រួមមានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ (តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។
ជាលទ្ធផល ក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីជំនាញបានរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំកសិកម្ម ដូចនេះមន្ត្រីយើងបានសម្រេចបញ្ជូនសំណាកគំរូទាំងនោះទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាព៕





ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ