អ្នកបរិស្ថានរកឃើញប្រភេទតុកកែ និងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកបរិស្ថានរកឃើញប្រភេទតុកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។

អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖
១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។
២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។
៣-ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។
យោងតាមរបាយទីតាំងនៃការរកឃើញប្រភេទថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវស្នើ ចាត់បញ្ចូលប្រភេទទាំង៣ជាប្រភេទជិតផុតពូជបំផុត(Critically Endangered)នៃក្នុងបញ្ជីក្រហម IUCN។ ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើន នៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។ យើងសង្ឃឹមថាការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូសុីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង៕





ប្រភព៖ Ministry of Environment