មជ្ឈមណ្ឌលជាតិផ្តល់ឈាម៖ នៅកម្ពុជារៀងរាល់៥នាទីម្តង យើងត្រូវការឈាម១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្សម្នាក់
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ៖ «មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៃវិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា នៅកម្ពុជារៀងរាល់ ៥នាទីម្តងយើងត្រូវការឈាម១ប្លោកដើម្បីសង្គ្រោះជីវិតមនុស្សម្នាក់ ហើយការបរិច្ចាគឈាមរបស់សប្បុរសជនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជួយសង្គ្រោះជីវិត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសបានបញ្ជាក់ថា ការបរិច្ចាគឈាមនេះវាមិនត្រឹមតែមិនប៉ះពាល់ទៅលើសុខភាពរបស់យើងប៉ុណ្ណោះទេ តែផ្ទុយទៅវិញវាថែមទាំងបានផ្តល់អត្ថប្រយោជន៍ដល់បងប្អូនទៅវិញទេនៅក្នុងពេលដែលបងប្អូនចូលរួមបរិច្ចាគឈាម ដូចជា ការទទួលបានការពិនិត្យរកមេរោគឆ្លងដែលមាននៅក្នុងឈាម ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C និងមេរោគអេដស៍។ល។
ចំពោះលទ្ធផលរបស់សប្បុរសជនខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរក្សាការសម្ងាត់ជូន។ ការលើកឡើងរបស់អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមយ៉ាងដូច្នេះក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ៖ «មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៃវិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ៕






ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា