ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ

BY
Nisaiy KN
July 6, 2025

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិព័រណ៍អន្តរជាតិ ITE-HCMC រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែ ទស្សនកិច្ច Caravan Tour, Self-Drive Tour និង Mekong Cruise Tour ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម និងការលក់កញ្ចប់ទស្សនកិច្ច «គោលដៅទេសចរណ៍ពីរ កញ្ចប់ទស្សនកិច្ចតែមួយ» ក្រោមប្រធានបទ “Sustainable Tourism, Vibrant Experiences” នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Saigon Exhibition & Convention Center ទីក្រុងហូជីមិញ ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៤០០ស្តង់ មកពី ៥០ខេត្តទូទាំងប្រទេសវៀតណាម អ្នកទិញអន្តរជាតិចំនួន ២២០នាក់ មកពីជាង ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាជាង ២៨,០០០នាក់ ព្រមទាំងជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណ ១២,៦០០ជំនួប។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ និងចូលរួមការ តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ខាងលើ សំដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងជំរុញ យុទ្ធនាការ ទស្សនាកម្ពុជារដូវកាលបៃតង ឲ្យមកទស្សនា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្តិភាព ស្អាត និងបៃតង» កាន់តែច្រើន៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: