ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ

    BY soknita July 7, 2025
    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ

    (ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោយចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយរួច។

    ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូមរួមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រារព្ធឡើងដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ ធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

    គួរបញ្ជាក់ថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” សម្រេចបាន ៩៦ ភាគរយ (គ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥) ស្ពាននេះមានប្រវែង ១ ៧៦១ម ទទឹងស្ពានមានប្រវែង ១៣,៥ម ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥មx២) គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង (១,៧៥មx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១មx២) និងបង្កាន់ដៃស្ពាន ទទឹង (០,៥មx២) ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរមានទំហំ១០០មx១៥ម ស្របពេលដែលគម្រោងទាំងមូលសម្រេចបាន ៧០ ភាគរយ នឹងគ្រោងបញ្ចប់នាខែកក្កដា ឆ្នាំ ២០២៦។

    ចំពោះស្ពាននេះដែរ នឹងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូននៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្តស្ថិតនៅភូមិភាគឦសាន បន្ថែមពីលើនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព លើសពីនេះគម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ (GMS) ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) និងអនុតំបន់មេគង្គឡានឆាង៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: