ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍បំភ្លឺលើ សេចក្តីថ្លែងការណ៍ខុសពីការពិតរបស់ភាគីថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និង MoU 2000
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺលើ សេចក្តីថ្លែងការណ៍ខុសពីការពិតរបស់ភាគីថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និង MoU 2000 ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់នូវ សេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជាសូមធ្វើការបំភ្លឺលើបញ្ហានេះដូចតទៅ៖
១. កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយ វិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
២. ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយ គណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការ កំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្ត ទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូល ទឹកដីកម្ពុជា។ ទង្វើទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណង កាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។
៣. ការសម្រេចរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋាន ច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែលបានឯកភាពគ្នាសម្រាប់ការងារខណ្ឌសគមាព្រំដែនមួយ។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័ន តុលាការស្នូលរបស់អង្គការសហប្រជាជាតិ គឺជាវេទិការដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆ័យលើវេទិការផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសលើករណីដែនយន្តការទ្វេភាគីបានជាប់តាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង៕



ប្រភព៖ ក្រសួងការបរទេសកម្ពុជា