អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាមានទំនិញជាង ៣០០ប្រភេទ សម្រាប់នាំចេញទៅប្រទេសចិន
(រាជធានីភ្នំពេញ)៖ យោងតាមករចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តាមការបញ្ជាក់របស់ អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មកម្ពុជាមានទំនិញជាង ៣០០ប្រភេទ សម្រាប់នាំចេញទៅប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន ជាដើម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កសិផលកម្ពុជាប្រមាណជាង ៣០០ប្រភេទ ដែលអាចនាំចេញទៅលក់នៅប្រទេសចិន ខណៈនេះកម្ពុជាក៏កំពុងសម្លឹងមើលពីឱកាសនៃការពង្រីកទំហំនាំចេញទៅកាន់ទីផ្សារប្រទេសចិនថែមទៀតដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញសារព័ត៌មានថាក្នុងចំណោមផលិតផលកសិកម្មទាំងជាង ៣០០មុខ កម្ពុជាមានកូតានាំអង្ករចេញទៅរហូតដល់ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
ឯកឧត្តមបញ្ជាក់ថា ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាច្រើនបំផុតរហូតដល់ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
គប្បីជម្រាបជូនថា កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីអំឡុងខែមករា ឆ្នាំ ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យកម្ពុជានាំផលិតផលកសិកម្មរបស់ខ្លួនទៅលក់នៅលើទីផ្សារប្រទេសចិនជាង ៣០០មុខ។ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិតផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។
ក្រៅពីនាំចេញទៅចិនកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនទៀតទាំងនៅអាស៊ី និងអ៊ឺរ៉ុប ដូចជា កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី។ ចំណែកអង្ករក្រអូបមានទីផ្សារនៅសហភាពអឺរ៉ុប ដូចជានៅ ប្រទេសហូឡង់ ហ្វាង់ឡង់ ដាណាម៉ាក់ និងបណ្តាប្រទេសអាហ្វ្រិក៕


ប្រភព៖ ក្រសួងព័ត៌មាន