ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនមួយនេះ បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងការផលិតជាបន្ទាន់ ដើម្បីការពារនិងទប់ស្កាត់ការបំពុលខ្យល់
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងការផលិតជាបន្ទាន់ ដើម្បីការពារនិងទប់ស្កាត់ការបំពុលខ្យល់។

ក្រសួងបរិស្ថានជូនដំណឹងដល់ លោកប្រធាន ថា ក្រុមហ៊ុនរបស់លោក ជាប្រភេទរោងចក្រផលិតគ្រឿងបង្គំ-បន្ទាប់បន្សំស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ ដែលក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥ មាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខាន ដោយសំឡេង។
ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ប៉ះពាល់ ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងយ៉ាងណាក៏ដោយរហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕




ប្រភព៖ Ministry of Environment