អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី ៨ ខែកញ្ញា ដោយឡែកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងបន្ថែមថា ចំពោះការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ យោង៖ ចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដំណឹងដល់សាធារណជនឱ្យជ្រាបថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖
– កំណត់យកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
-កំណត់យកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕







ប្រភព៖ ឯកសារមន្ត្រីសាធារណៈ