សម្ដេចបវធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ នេះ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕




ប្រភព៖ ក្រសួងព័ត៌មាន